ក្រុមហ៊ុន វើលដ៍ប្រ៊ីដ អ៊ិនធើណេសិនណល ចុះហត្ថលេខាប្រតិបត្តិការជាមួយ UNDP និង UNIDO
(ភ្នំពេញ)៖ នារសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន វើលដ៍ប្រ៊ីដ៍ អ៊ិនធើណេសិនណល (ខាមបូឌា) អិលធីឌី បានរៀបចំពិធីចុះហត្ថលេខាសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
ពិធីចុះហត្ថលេខាសហប្រតិបត្តិការរវាងក្រុមហ៊ុន វើលដ៍ប្រ៊ីដ អ៊ិនធើណេសិនណល ចុះហត្ថលេខាប្រតិបត្តិការជាមួយ UNDP និងអង្គការ UNIDO នេះក្រោមអធិបតីភាព លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ៍ និងតំណាង UNDP និង UNIDO ក្នុងគោលបំណងពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះ លើកកម្ពស់ការរីកចម្រើនផ្នែកឧស្សហកម្មដោយចីរភាព និងគាំទ្រនូវគំនិតផ្តួចផ្តើមច្នៃប្រឌិតនានានៅប្រទេសកម្ពុជា។
ភាគីហត្ថលេខាទាំង៣ វគឺផ្តោតលើគម្រោងសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ មានដូចជា៖ គម្រោងលំនៅដ្ឋានសមរម្យ ការគ្រប់គ្រងកងដឹកជញ្ជូនបៃតង (Green Fleet Management) និងការអភិវឌ្ឍន៍បណ្តុំសហគ្រាសធន់តូច និងមធ្យម (SME Cluster) ដោយរួមបញ្ចូលគ្នារវាងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ជាមួយវិស័យឯកជនកំពុងរីកចម្រើន ជាប្រយោជន៍សម្រាប់សង្គម និងផ្នែកសេដ្ឋកិច្ចផងដែរ។
លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ៍ អ៊ិនធើណេសិនណល (ខាមបូឌា) អិលធីឌី មានប្រសាសន៍ថា “ការអភិវឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា ត្រូវធ្វើឡើងដោយចីរភាព និងផ្តល់ផលវិជ្ជមានសម្រាប់សង្គម។ ការរួមសហការរវាងអង្គការ UNDP និង UNIDO យើងមិនត្រឹមតែអាចសម្រេចគោលដៅរួមរបស់យើងប៉ុណ្ណោះទេ ថែមទាំងសម្រេចលើសនោះទៅទៀត ដោយទទួលលទ្ធផលដ៏មានន័យ និងនិរន្តរភាពសម្រាប់គម្រោងរបស់ពួកយើង”។
លោកឧកញ៉ា សៀ ឬទ្ធី មានប្រសាសន៍ទៀតថា ការចាប់ដៃគូសហការជាមួយអង្គការ UNDP ព្រោះអង្គការនេះមានបណ្តាញទូលំទូលាយ និងជំនាញច្បាស់លាស់ក្នុងការនាំមកនូវផលវិជ្ជមានផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដែលធ្វើឲ្យគម្រោងនេះអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាជនកម្ពុជា។ លោកឧកញ៉ាបានបន្តថា ដើម្បីធ្វើការរស់នៅរបស់ប្រជាពលរដ្ឋក្នុងគម្រោងលំនៅដ្ឋានតម្លៃសមរម្យកាន់តែល្អប្រសើរឡើង និងធានបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សហគម ក៏ដូចជាប្រទេសជាតិ។
សម្រាប់គម្រោងនេះបានផ្តល់នូវសួនបៃតងស្រស់បំព្រងធំទូលាយ ទីផ្សារ គេហដ្ឋានប្រកបដោយអាជីវកម្ម សាលារៀន និងមជ្ឈមណ្ឌលសុខភាព ប៉ុន្តែនូវមិនទាន់ពេញចិត្តទើបមានការសហការជាមួយអង្គការ UNDP ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍បន្ថែមទៀត។
លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន វើលដ៍ប្រីដ បានបញ្ជាក់ថា គម្រោងទី៣ គឺស្តីពីការគ្រប់គ្រងកងដឹកជញ្ជូនបៃតង (Green Fleet Management) ត្រូវបានដាក់បញ្ចូលក្នុងការចុះហត្ថលេខានេះផងដែរ ហើយក្រុមហ៊ុន វើលដ៍ប្រ៊ីដ មានជំនាញផ្នែកដឹកជញ្ជូនឈានមុខគេ ដែលយល់ពីតម្រូវការទីផ្សារ និងបំពេញសេចក្តីត្រូវការប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។
លោកឧកញ៉ា បន្ថែមថា ការចុះអនុសារណៈនេះនឹងជួយជម្រុញ “ការរីកចម្រើនដោយវៃឆ្លាត” វិធីសាស្រ្ត និងដាក់បញ្ចូលគ្នារបស់កម្មវិធីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN SDG) និងចំណេះដឹងផ្សេងៗដែលនឹងត្រូវប្រើសម្រាប់ការសិក្សាពីឱកាស និងមធ្យោបាយនានាដើម្បីជម្រុញការប្រើប្រាស់ថាមពលស្ពាត និងកកើតឡើងវិញ ការហ្វឹកហ្វឺនអ្នកបើកបរ ផ្សព្វផ្សាយពីសុវត្ថិភាពតាមដងផ្លូវ និងគម្រោងជាអទិភាពផ្សេងៗទៀតដើម្បីលើស្ទួយសវាដឹកជញ្ជូននៅកម្ពុជា។
លោក Nick Beresford នាយកអង្គការ UNDP ប្រចាំកម្ពុជា បានថ្លែងថា ការចុះ MOU ជាមួយ ក្រុមហ៊ុន វើលដ៍ប្រ៊ីដនាពេលនេះ បានឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលមានសារៈសំខាន់ដល់គោលដៅរបស់អង្គការ UNDP ដើម្បីជម្រុញការវិនិយោគប្រកបដោយចីរភាព ក្នុងវិស័យនានាដែលមានឥទ្ធិពលលើសង្គម និងសេដ្ឋកិច្ចកម្រិតខ្ពស់។ លោកបន្តថា ការបន្តភាពជាដៃគូនេះ
បានផ្តលលទ្ធភាពសម្រាប់គោលដៅនានា នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺជាជំហានដ៏សំខាន់ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពត្រឹមឆ្នាំ២០៣០។
លោក Nick Beresford នាយកអង្គការ UNDP បន្តទៀតថា ការដោះដូរសារលិខិត នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ UNIDO និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ នាពេលនេះនឹងផ្ដោតសំខាន់ទៅលើតម្រូវការអភិវឌ្ឍន៍បន្ទាន់លើវិស័យកែច្នៃកសិកម្មធន់តូច និងមធ្យម និងការបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្មចម្រុះនៅកម្ពុជា។
លោក Nick Beresford ថ្លែងទៀតថា ក្រុមហ៊ុន វើលដ៍ប្រ៊ីដ បានខិតខំស្វែងរកដំណោះស្រាយដើម្បីបញ្ចៀសនូវឧបសគ្គរាំងស្ទះនានាប៉ះពាល់ដល់គម្រោងបណ្ដុំសហគ្រាសធនតូច និងមធ្យម ដែលកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននៅកម្ពុជា ខណៈអ្នកវិនិយោគថ្មីៗពីបរទេស និងក្រុមហ៊ុនក្នុងស្រុកមានបំណងផ្ទេរបច្ចេកវិទ្យានេះមកកម្ពុជា។
កិច្ចសហប្រតិបត្តិការក្នុងគម្រោងភាពជាដៃគូប្រចាំកម្ពុជានឹងជួបផ្ទាល់ជាមួយអ្នកជំនាញមានបទពិសោធន៍ពីអង្គការ UNIDO ដែលបានអភិវឌ្ឍន៍ជាសកល។
លោក សុក ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា បានលើកយកថា “កិច្ចសហប្រតិបត្តិការ គឺបានមកដល់ចំពេលដ៏ត្រឹមត្រូក្នុងក្របខណ្ឌ កម្មវិធីធ្វើជាដៃគូប្រចាំប្រទេស។ ហើយកិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែក្នុងក្របខណ្ឌកម្មវិធីភាពជាដៃគូប្រចាំប្រទេស វិស័យឯកជនក្នុងស្រុកទី១ ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់នូវក្របខណ្ឌការងារមួយដែលអាចឲ្យយើងអាចធ្វើបានយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព។
លោក សុក ណារិន តំណាងអង្គការ UNIDO បានបញ្ជាក់ថា ក្រុមហ៊ុន វើលដ៍ប្រ៊ីដ អង្គការ UNIDO និងអង្គការ UNDP នឹងចាប់ផ្ដើមសកម្មភាពការងាររបស់ ខ្លួនចាប់ពីខែសីហា ដោយយើងនឹងរៀបចំផែនការលម្អិតសម្រាប់សិក្ខាសាលា ស្តីពី ការអភិវឌ្ឍបណ្ដុំសហគ្រាសធនតូច និងមធ្យម ដែលគម្រោងនឹងប្រព្រឹត្តទៅនៅអំឡុងពាក់កណ្ដាលខែកញ្ញា នៅរាជធានីភ្នំពេញ នឹងដោយបន្ថែមលើការរៀបចំផែនការនៃគំនិតជាច្រើនដទៃទៀតផង៕